បង្ក្រាបបទល្មើសនេសាទ ស្រុកចំនួន ៣ ក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នៅថ្ងៃពុធ១៣កើត ខែស្រាពណ៍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ខែសីហា ឆ្នាំ ២០២២ នេះ ក្រោមការបញ្ជាពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្ដម សាន់ យូ អភិបាលរងខេត្ត បាន ដឹកនាំកម្លាំងចម្រុះ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណ:បញ្ជាការឯកភាពស្រុកបរិបូណ៌ ស្រុកជលគីរី និង ស្រុកកំពង់ត្រឡាច ។
ប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចជ្រោយអ្នកតា និងចំណុចខ្សាច់ស ក្រោយភូមិសេះស្លាប់ និងកំពង់អួរក្នុងស្រុកបរិបូរណ៍ ចំណុចព្រែកគន្លង ចំណុចក្រោយ ភូមិថ្មី និង គៀនតាម៉ា នៅស្រុកជលគីរី និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
បើយោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កម្លាំងចូលរួមនិងសហការសរុប ចំនួន ២៣នាក់ ដោយប្រើប្រាសមធ្យោបាយកាណូតស្មាច់ចំនួន៧គ្រឿង។
ដោយរឹបអូស វត្ថុតាងនិង បំផ្លាញចោលរួមមាន ៖
-របាំងសាច់អួនចំនួន១ករណីស្មើនិង ០៥ កន្លែង ប្រវែង ៤៥០ ម៉ែត្រ
-លូសាច់អួន ចំនួន០៦មាត់
-រុះរើរបាំងស្បៃមុងចំនួន២ករណីស្មើនិង១៥ កន្លែង ប្រវែង៥៧៥ ម៉ែត្រ
-លូស្បៃមុងចំនួន១៣មាត់
-រុះរើរបាំងព្រួលរារាំងផ្ចិតព្រែក០១ករណីស្មើនិង១៥ ម៉ែត្រ
-លបឬស្សីចំនួន៤ គ្រឿង
-ព្រួលឬស្សីចំនួន១០ផែនស្មើនិង៥០ម៉ែត្រ។
-បង្គោល ៦៤៥ដើម និងបានចាក់លែងត្រីចម្រុះចំនួន១២០គីឡូក្រាមទៅក្នុងធម្មជាតិវិញ ៕