ក្រចេះ៖ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តដឹកនាំដោយ លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានជួបពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋប្រមាណជា ៦០នាក់ ដែលបានឡេីងមកតវ៉ានៅមុខសាលាខេត្តក្រចេះ និងបានស្នេីសុំឱ្យឯកឧត្ដមអភិបាលខេត្តក្រចេះ ធ្វេីកាវាស់វែងកាត់ឆ្វៀលដីដែលពួកគាត់បានទន្ទ្រានហ៊ុព័ទ្ធយកដីរបស់រដ្ឋ ក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ស៉ី អេច ភី ប៊ី ឌីវេឡុបមេន ស្ថិតនៅឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ។ ក្នុងនោះដែរ លោកបណ្ឌិត កៅ ម៉ាឌីឡែន បានមានប្រសាសន៍ថា ទីតាំងដីដែលបងប្អូនប្រជាពលរដ្ឋស្នើសុំវាស់វែងកាត់ឆ្វៀលនោះ អាជ្ញាធរខេត្ត មិនអាចកាត់ឆ្វៀលដីនោះបន្តទៀតបានទេ ដោយទីតាំងនោះមុនឆ្នាំ២០០៨ មានទំហំដីសរុប ១២,២០០.២៩ហិកតា មុននឹងរាជរដ្ឋាភិបាលប្រគល់សិទ្ធិវិនិយោគ ជាដីសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន ក្រុមការងារចម្រុះថ្នាក់ជាតិ-ថ្នាក់ខេត្ត បានចុះសិក្សា និងកាត់ឆ្វៀលផលប៉ះពាល់រួចរាល់ នៅសល់ផ្ទៃដីទំហំ ៨.៦៨៦ ហិកតា សម្រាប់ផ្តល់សិទ្ធិវិនិយោគជូនក្រុមហ៊ុនតាមលិខិតលេខ៥១០ សជណ. ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ នាអំឡុងយុទ្ធនាការអនុវត្តបទបញ្ជាលេខ០១បប បានចុះវាស់វែង និងផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋអស់ផ្ទៃដីទំហំ២,០០៨.៨៤ហិកតា។ ក្រោយពីបញ្ចប់បទបញ្ជា០១បប ប្រជាពលរដ្ឋបានបន្តចូលកាន់កាប់ អស់ផ្ទៃដីមួយភាគធំ។ កន្លងទៅថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចនិងមន្ទីរជំនាញបានចុះកាត់ផលប៉ះពាល់របស់ប្រជាពលរដ្ឋរួចហើយ។ លោកបណ្ឌិត បានបន្ថែមទៀតថា ផ្ទៃដីដែលនៅសល់គឺជាដីព្រៃមិនទាន់មានការប្រើប្រាស់ និងដីដែលក្រុមហ៊ុនបានឈូសឆាយដាំដុះ ទំហំ ២,៦៨៦.៨៦ហិកតា បានកាយក្រវ៉ាត់ព្រំរួច ដើម្បីចុះបញ្ជីជាដីឯកជនរបស់រដ្ឋ។លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យឈប់ជឿលេីការញុះញង់របស់មេខ្យល់ ដែលគៀងគរឲ្យចូលទៅកាប់ទន្រ្ទានហ៊ុព័ទ្ធយកដីរបស់រដ្ឋ ដោយខុសច្បាប់បន្តទៀត ហេីយប្រសិនបើបងប្អូនណាខ្វះខាតដី ឬអត់ដី សម្រាប់ប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារពិតប្រាកដ សូមអញ្ជើញទៅដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច នៅតាមភូមិឃុំសាម៉ីដែលខ្លួនរស់នៅ តាមខ្លឹមសារឆ្លើយតប លេខ០៨៧ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ