អុញនោះ...! បែកធ្លាយលោកពាក់ផ្កាយ២ ហៃ ច័ន្ទភារិទ្ធ និងបក្សពួករងការចោទពីបទ «ឆបោក រំលោភលើទំនុកចិត្ត និងសំអាតប្រាក់» ពីវិនិយោគគិនម៉ាឡេស៊ី ជិត៧លានដុល្លា..!
ភ្នំពេញ÷ការវិនិយោគសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការជួយកំណើនសេដ្ឋកិច្ចដល់កម្ពុជា ក្រោមម្លប់សន្តិភាព។ ប៉ុន្តែថ្មីៗនេះទំនុកចិត្តរបស់វិនិយោគគិនបរទេសនៃប្រទេសម៉ាឡេស៊ី ត្រូវបានបំផ្លាញដោយលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ និង គាត សូនី ព្រមទាំងបក្សពួកដោយការប្រើល្បិចទិញដីព្រះរាជក្រឹតប្រមាណ២០៣ហិតា ស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ។
ប្រភពពីតំណាងវិនិយោគគិន ម៉ាឡេស៊ី នៃក្រុមហ៊ុន វីនហ៊ីលស៊ីធី បានឱ្យដឹងថាៈ ក្រុមហ៊ុនបានសម្រេចចិត្តក្នុងការទិញដីមួយកន្លែងទំហំ ២,០៣០,០០៧ម៉ែត្រការ៉េ ស្ថិតនៅទីតាំងខាងលើដោយមានគំនូសប្លង់បង្ហាញទីតាំងដី ដែលផ្តល់ដោយលោក ហៃ ច័ន្ទភារិទ្ធ និងគូរកន ក្នុងតម្លៃ៧លានដុល្លាសហរដ្ឋអាមេរិកឯនោះ។
ប្រភពបានបន្ថែមថាៈ ក្រុមហ៊ុនបានបញ្ជាក់ ឈ្មោះ ហៃ ច័ន្ទភារិទ្ធ និងគូរកន បានសន្យាថា ខ្លួននិងប្រមូលទិញដីពីប្រជាពលរដ្ឋរួចរាល់អស់ហើយៗដីនោះជាដីស្របច្បាប់ អាចធ្វើប័ណ្ណកម្មសិទ្ធិបាន និងមិនមានជាប់ពាក់ព័ន្ធបុគ្គល ឬជាប់ពាក់ព័ន្ធជាមួយដីរបស់រដ្ឋឡើយ។
តំណាងក្រុមហ៊ុនបន្ថែមទៀតថា ដោយមានការជឿជាក់ និងទុកចិត្តរាប់អានគ្នារវាងក្រុមហ៊ុនផងនោះ ក្រុមហ៊ុនក៏បានចុះកិច្ចសន្យាទិញ-លក់ដីជាមួយលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ ព្រមទាំងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ឲ្យ ហៃ ច័ន្ទភារិទ្ធ ដើម្បីយកទៅទិញដីរហូតចំនួន៧លានដុល្លា។
ជាមួយគ្នានោះ ក្រោយពីបានទទួលប្រាក់ជាបន្តបន្ទាប់រួចហើយក្នុងអុំឡុងខែកុម្ភៈ ឆ្នាំ២០១៩ លោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ បានផ្ញើរកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីលក់ផ្តាច់ និងគំនូសប្លង់បង្ហាញពីទីតាំងដីមកឱ្យក្រុមហ៊ុន ដោយបានទាមទារឱ្យក្រុមហ៊ុនបង់ប្រាក់បន្ថែមទៅឱ្យខ្លួន លើប្រាក់ទិញលក់ដីតម្លៃ ៧លានដុល្លាសហរដ្ឋអាមេរិក តាមកិច្ចសន្យារបស់ខ្លួន។
បន្ទាប់ពីបានទទួលកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីលក់ផ្តាច់ ពីលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ និងគំនូសប្លង់បង្ហាញទីតាំងដីរួចហើយ ភាគីក្រុមហ៊ុន បានស្នើសុំចុះទៅមើលទីតាំងដីជាក់ស្តែង ស្រាប់តែលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ បែរជាទៅចង្អុលបង្ហាញដីដែលគ្មានទីតាំងពិតប្រាកដ និង មិនច្បាស់លាស់ឱ្យក្រុមហ៊ុនទៅវិញ។
ដោយឃើញទង្វើលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ បែបមិនស្រួលដូច្នេះ តំណាងក្រុមហ៊ុន បានចុះសិក្សាស្រាវជ្រាវជាមួយអាជ្ញាធរមូលដ្ឋាន ទើបដឹងថា ទីតាំងដីដែលស្ថិតក្នុងគំនូសប្លង់បង្ហាញ និងលិខិតផ្ទេរសិទ្ធិដែលមានឈ្មោះ គាត សូនី ជាអ្នកឈរឈ្មោះលក់មកឱ្យក្រុមហ៊ុន និងឈ្មោះ ហៃ ច័ន្ទភារិទ្ធ ជាអ្នកចុះកិច្ចសន្យាទិញលក់ និងយកលុយពីក្រុមហ៊ុននោះ គឺជាដីរបស់រដ្ឋស្ថិតក្នុងតំបន់ឧទ្យានជាតិបូកគោ ដែលត្រូវរដ្ឋហាមឃាត់មិនឱ្យមានការទិញ ឬ លក់ដូរអ្វីទាំងអស់។
ក្រោយមកក្រុមហ៊ុន វីន ហ៊ីល ស៊ីធី ក៏បានដាក់លិខិតជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីស្នើសុំបញ្ជាក់ទីតាំងដីដែលលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ រៀបឱ្យខ្លួននោះ ជាដីតំបន់ឧទ្យានជាតិ ឬក្រៅតំបន់ឧទ្យានជាតិ ដោយហេតុថា ក្រុមហ៊ុនមានទិសដៅវិនិយោគនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋប្រទេសក៏ដូចជាដើម្បីបញ្ជាក់ឱ្យបានច្បាស់ត្រឹមត្រូវតាមផ្លូវច្បាប់ ជៀសវាងជនខិលខូចដើរបោកប្រាស់យកដីកម្មសិទ្ធិរបស់រដ្ឋ ឬអ្នកដទៃមកលក់ឱ្យអ្នកវិនិយោគក្រៅប្រទេស ព្រោះក្រុមហ៊ុនត្រូវការរៀបចំទីតាំងឈូសឆាយដី ដោយមានការបារម្ភ ខ្លាចទីតាំងនោះ ប៉ះពាល់និងស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោខេត្តកំពត។
ក្រោយទទួលបានលិខិតស្នើរបស់ក្រុមហ៊ុន ក្រសួងបរិស្ថាន បានធ្វើការបញ្ជាក់ជូនថា ដីដែលមានទំហំ ២,០៣០,០០៧ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតនោះ ក្រោយការពិនិត្យផ្ទៀងផ្ទាត់របស់ក្រសួងឃើញថា ដីទំហំប្រមាណ ៣០,០០០ម៉ែត្រការ៉េ គឺស្ថិតនៅក្រៅឧទ្យានជាតិព្រះមុនីវង្សបូកគោ និងដីទំហំ ២,០០០,០០៧ម៉ែត្រការ៉េ គឺស្ថិតនៅក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោទាំងអស់ហើយស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង់របស់ក្រសួងបរិស្ថានទៀតផង។
បន្ទាប់ពីបានដឹងថាក្រុមហ៊ុនចាញ់បោក លោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ និងគូរកន ដែលលក់ដីឧទ្យានជាតិខុសទៅនឹងផ្លូវច្បាប់ទាំងស្រុងឱ្យមកខ្លួនហើយ តំណាងក្រុមហ៊ុនបានដាក់បណ្តឹងចូលតុលាការសាលាដំបូងរាជធា នីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទ «ឆបោក និងរំលោភលើទំនុកចិត្ត»។ បន្ទាប់មកនៅដើមខែមករា ឆ្នាំ២០២១ តុលាការបានចេញដីកាកោះហៅ លោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ ដែលជាជនសង្ស័យ និង គាត សូនី ពីបទ «ឆបោក រំលោភលើទំនុកចិត្ត និងសំអាតប្រាក់»ក្រោយស្ពាយដីកាជាប់ខ្លួនហើយ លោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានធ្វើលិខិតទទួលស្គាល់កំហុស ថាខ្លួនពិតជាបានទទួលប្រាក់ពីតំណាងក្រុងហ៊ុន វីនហ៊ីលស៊ីធី ដើម្បីចុះរៀបចំដីទំហំ ២០២ហិតា ស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតពិតមែន ។ ប៉ុន្តែជាក់ស្តែងការទិញនោះមិនអាចដំណើរការបានតាមការអះអាងរបស់ខ្លួនឡើយ ហើយចំពោះការខាត់បង់របស់ក្រុមហ៊ុន ខ្លួនមានលទ្ធភាពទទួលខុសត្រូវជូនក្រុមហ៊ុនដោយបង្វិលជាអចលនៈទ្រព្យ និងប្រាក់សុតមួយចំនួនដូចជា៖
១. ផ្ទះទំហំ ២១៩ម៉ែត្រការ៉េ មានវិញ្ញាប័ណបត្រសម្គាល់ម្ចាស់សម្គាល់អចលនវត្ថុលេខ ១២០៨០១០៤-៣៧១០ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ មានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានតម្លៃស្មើនិងទឹកប្រាក់៥៥ម៉ឺនដុល្លា។
២ ដីទំហំ ២៦,៨៩០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង មានតម្លៃស្មើទឹកប្រាក់ ៤០៣,៣៥០ ដុល្លា។ ៣ ទឹកប្រាក់សុតចំនួន៥០ម៉ឺនដុល្លា
៤ រថយន្តម៉ាក JEEB តម្លៃស្មើនិងទឹកប្រាក់៥ម៉ឺនដុល្លា។
លោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ ក៏បានស្នើសុំតំណាងក្រុមហ៊ុន ដោយលោកអនុវត្តបានចំនួន៣ចំណុច លើកលែងតែចំណុចទី៣ ការសងប្រាក់សុតចំនួន៥០ម៉ឺនដុល្លា លោកមានលទ្ធភាពប្រគល់ជូនចំនួន២០ម៉ឺនដុល្លា ដោយទឹកប្រាក់នៅសល់៣០ម៉ឺនដុល្លា លោកមានលទ្ធភាពសងក្នុង១សប្តាហ៍ចំនួន១០ម៉ឺនដុល្លា ដោយសល់ពីនេះ លោកស្នើសុំក្រុមហ៊ុនទុកពេលវេលាដើម្បីរកលុយសងមកក្រុមហ៊ុនតាមលទ្ធភាព នៃប្រាក់នៅជំពាក់ជាង៥លានដុល្លាសហរដ្ឋអាមេរិកទៀត។
ក្រោយពេលបែករឿងឆបោកលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ ព្រមទទួលកំហុសរបស់ខ្លួន ដោយបង្វិលជាទ្រព្យ និងប្រាក់មួយចំនួនសរុបជាង១លានកន្លះ មកឱ្យក្រុមហ៊ុនដូចនេះក្តី ក៏ភាគីក្រុមហ៊ុនបានបដិសេធមិនទទួលយកឡើយ ដោយឱ្យលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ ចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់ ព្រោះប្រាក់ដែលខ្លួនបាន ឆបោកយកទៅប្រមាណ៦,៦៧០,០០០ដុល្លាសហរដ្ឋអាមេរិក មិនអាចបង្វិលសងមកវិញ ត្រឹមតែប្រាក់ជាង១លានដុល្លារឡើយ ហើយប្រាក់នៅសល់សងតាមលទ្ធភាពទៀតនោះ។
សំនួរសួរថា បើសងតាមលទ្ធភាព តើថ្ងៃណាខែណាឆ្នាំណា លោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ ព្រមសងប្រាក់មកឱ្យភាគីក្រុមហ៊ុនអស់នោះ បើនៅសល់ជាង៥លានដុល្លាទៀតឯណោះ...?
ចាប់តាំងពីលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ ព្រមទទួលកំហុស ហើយក្រុមហ៊ុនបានធ្វើការបដិសេធន៍ មិនទទួលយកដោយតម្រូវឱ្យចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ គឺស្ងាត់បាត់ស្រមោលសូន្យឈឹង លោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ ដូចចោរលួចសេះ មិនបានចេញមុខមកដោះស្រាយប្រាក់ដែលខ្លួនបានក្នុងករណី «ឆបោក រំលោភលើទំនុកចិត្ត» ដោយឈរលើគោលជំហរច្បាប់ឡើយ ដែលនេះជាទង្វើទុច្ចរិតគេចវេសចំពោះផ្លូវច្បាប់ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
មិនតែប៉ុណ្ណោះ ល្បិចខ្លាព័ទ្ធស៊ីគោរបស់លោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ និងគូរកន ក៏បានធ្វើឱ្យខូតខាត និងអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ដែលមានមន្រ្តីសមត្ថកិច្ចផ្កាយ២ពាក់លើស្មា ក្លាយជាមន្រ្តីពុករលួយបោកប្រាស់ខិលខូច ជាដង្កូវក្នុងសាច់ដើរបំពុលសង្គម បោកប្រាស់ប្រាក់វិនិយោគ ធ្វើឱ្យវិនិយោគគិនធំៗពីក្រៅប្រទេសមានភាពខ្លាចរអាមិនហ៊ានមកបណ្តាក់ទុនវិនិយោគតទៅទៀត។ កម្ពុជា មិនគួរទុកឲ្យមន្ត្រីប្រភេទលោក ហៃ ច័ន្ទភារិទ្ធិ មានសេរីភាពនៅក្រៅសំណាញ់ច្បាប់បោកប្រាក់អ្នកវិនិយោគគិន ម៉ាឡេស៊ី នូវទឹកប្រាក់ប្រមាណ៦,៦៧០,០០០ដុល្លាសហរដ្ឋអាមេរិកដូច្នេះឡើយ។
បើរឿងនេះ ត្រូវបានប្តឹងដោយតំណាងអង្គទូត នៃប្រទេសវិនីយោគិនរងគ្រោះក្រោមកិច្ចស្វែងរកការជួយអន្តរាគមន៍ពីប្រទេសម៉ាឡេស៊ីវិញ តើមុខមាត់កម្ពុជា ត្រូវយកទៅទុកនៅឯណា...? ខណៈកម្ពុជាពេលនេះ ជាប្រធានប្តូរវេនអាស៊ានថែមទៀតផងនោះ។ យ៉ាងណារហូតមកដល់ពេលនេះ យើងនៅមិនទាន់អាចស្វែងរកការឆ្លើយបំភ្លឺពីលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ ដែលរងការចោទ ពីបទ «ឆបោក រំលោភលើទំនុកចិត្ត និងសំអាតប្រាក់» ពីតំណាងក្រុមហ៊ុន វីន ហ៊ីល ស៊ីធី នូវទឹកប្រាក់ប្រមាណ៦,៦៧០,០០០ដុល្លាសហរដ្ឋអាមេរិកបាននៅឡើយទេ ក្នុងរឿងលក់ដីឧទ្យានជាតិព្រះមុនីវង្សបូគោ ទៅឱ្យវិនិយោគគិនម៉ាឡេស៊ីនោះ៕
សហគ្រាស ស្លឹករឹត និង យុវជនការពារសន្តិភាព (srtv & ykstv )យើងខ្ញុំ រង់ចាំការបកស្រាយពីភាគី ឬស្ថាប័នពាក់ព័ន្ធនានា តាមរយៈ WathsApp, Telegram, Phone : 012 804 979 / 097 85 20008 / 016 624 566 លម្អិតក្នុងកម្មវិធី វេទិកា ខ្ញុំចង់ឲ្យអ្នកដឹង...! សូមអរគុណ...!