ស្រុកស្ទោង៖ ថ្មីៗនេះអង្គភាពយើងទទួលបានពាក្យបណ្តឹងដោយភ្ជាប់ឯកសារយោងជាច្រើននិងសារសម្លេងសំដែងពីការហួសចិត្ត និងមិនពេញចិត្តចំពោះ លោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុកស្ទោង នៃខេត្តកំពង់ធំ ដែលទើបតែត្រូវបានតែងតាំងថ្មី។ បើតាមព័ត៌មានដែលយើងទទួលបានពាក់ព័ន្ធសាវតា និងប្រវត្តិការងាររបស់លោក សាយ គឹមឡម គឺជាមន្ត្រី១រូបមហាសម្បូររឿងអាស្រូវពុករលួយដោយបានឃុបឃិតជាមួយឈ្មួញទុច្ចរិតលួចឈួសឆាយរំលោភយកដីព្រៃលិចទឹកក្នុងតំបន់២ និងតំបន់៣ជាច្រើនហិតា ធ្វើឲ្យបាត់បង់ព្រៃលិចទឹកដែលជាធនធានសម្បត្តិរដ្ឋនាពេលកន្លងមករហូតបច្ចុប្បន្ន...។ ជាមួយគ្នានេះលោក សាយ គឹមឡម បានរំលោភយកដីតំបន់បីក្នុងឃុំម្សាក្រង ដែលជាតំបន់ហាមឃាត់ដោយច្បាប់មកធ្វើជាកម្មសិទ្ធិផងដែរ។ប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួនក្នុងស្រុកបានដាក់សំនួរ និងការងឿឆ្ងល់ថា លោក សាយ គឹមឡម ហាក់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាន់តំណែងជាអភិបាលស្រុកនោះទេ ព្រោះកន្លងមកលោកសម្បូររឿងអាស្រូវពាក់ព័ន្ធនឹងអំពើពុករលួយតាំងតែរូបលោកនៅធ្វើជាមន្ត្រីនៃមន្ទីរសង្គមកិច្ចមករហូតដល់មានការចុះស៊ើបអង្កេតពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ (ACU) ទៀតផង ទើបធ្វើការប្តូរជម្រក ប្តូរឈ្មោះប្តូរត្រកូលពី ទូ វិចិត្រ (កាលនៅបក្សផ្សេង) មកឈ្មោះ សាយ គឹមឡម ដើម្បីបិទបាំងប្រវត្តិមិនល្អផ្ទេរមកបម្រើការងារជាមន្ត្រី នៃក្រសួងមហាផ្ទៃដោយភ្ជាប់ល័ក្ខខណ្ឌមកធ្វើជាអភិបាលរងស្រុកស្ទោងវិញ ហើយក៏នៅតែមិនចោលទម្លាប់ចាស់បានយកតួនាទីទៅឃុបឃិតជាមួយឈ្មួញឈួសឆាយរំលោភយកដីរដ្ឋក្នុងតំបន់ហាមឃាត់ធ្វើជាកម្មសិទ្ធិរាប់សិបហិចតាដូចមានរូបភាពបង្ហាញមកជាមួយស្រាប់ (នេះបើតាមប្រភពផ្សេងៗដែលអង្គភាពយើងទទួលបាន...) លក្ខណៈសម្បត្តិរបស់ប្រធាន ឬអភិបាល ត្រូវចេះ (ទប់វិបត្តិ កំចាត់បញ្ហា ចម្រើនសុខា ប្រាថ្នារុងរឿង...) តើលោក សាយ គឹមឡម មានចំណុចទាំងនេះដែរឬទេ ? គ្រាន់តែបានតំណែងអភិបាលទើបតែ១ខែ១៣ថ្ងៃប៉ុណ្ណោះ ក៏បង្ករព្យុះភ្លៀងផ្លាស់ប្តូរដកដាក់មន្ត្រីក្រោមបង្គាប់តាមអំពើចិត្តហាក់មានគំនុំរង់ចាំតែពេលសងសឹកដូច្នោះឯង...! ប្រវត្តិ ឬសាវតា ទង្វើ និងឥរិយាបថបែបនេះ តើធ្វើឲ្យថ្នាក់ដឹកនាំ និងបងប្អូនប្រជរាស្ត្រក្នុងស្រុកស្ទោងទាំងអស់ផ្ញើរវាសនា លើលោក សាយ គឹមឡម យ៉ាងណាទៅ...? សូមថ្នាក់ដឹកនាំមេត្តាពិចារណា...!។ ដោយឡែកការដកតួនាទីលោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង ត្រូវបានមន្ត្រីមួយចំនួនទម្លាយឲ្យដឹងថា មានភាពមិនប្រក្រតីច្រើន និងបក្សពួកនិយម ព្រមទាំងមានការឃុបឃិតគ្នាធ្វើបានមន្ត្រីតូចតាច និងអ្នកចេះដឹងដែលមើលទៅទំនងជាមិនសូវស្របតាមខ្លួនទាំងមន្ត្រីរូបនោះពុំមានកំហុសអ្វីសោះក៏ដោយ។ ប្រភពខាងលើបានបន្ថែមថា លោក សាយ គឹមឡម អភិបាលស្រុកទើបឡើងថ្មី បានឃុបឃិតគ្នាចោទប្រកាន់ មួលបង្កាច់ដោយពុំមានការពិត ថែមទាំងបានដើរបង្ខំឲ្យមន្រ្តីនានាផ្តិតមេដៃ ដើម្បីដកមន្ត្រីជំនាញដោយពុំមានកំហុសសោះឡើយ។ដោយឡែកលោក លឹម ប៊ុនហេង ជាមន្ត្រីដែលត្រូវបានលោក សាយ គឹមឡម ស្នើសុំឲ្យដកតួនាទីពីប្រធានភូមិបាលស្រុកស្ទោងបានបញ្ជាក់ថា៖ រឿងប្រជាពលរដ្ឋដែលបានសាងសង់នៅលើចំណីផ្លូវ មិនមែនជាកំហុសខ្ញុំនោះទេ គឺជាអំណាចរបស់អភិបាលស្រុកស្ទោងលោក ណែត សារី ជាអ្នកចេញលិខិតឲ្យសាងសង់ ដោយយោងទៅតាមការចុះពិនិត្យជាក់ស្តែងហើយមានការព្រមព្រៀងពីគណៈកម្មការចម្រុះ ដែលសម្របសម្រួលទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋដែលបាននៅទីតាំងនោះតាំងពីឆ្នាំ ១៩៧៩មកម្លេះ និងដោយស្ថានភាពផ្ទះឈើចាស់ពុកផុយ ទើបរុះរើសាងសង់លើផ្ទៃដីផ្ទះចាស់តែប៉ុណ្ណោះ ខ្ញុំជាមន្ត្រីភូមិបាលពុំមានសិទ្ធិទាល់តែសោះ។ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋ និងមន្ត្រីក្នុងស្រុកមួយចំនួនបានសំណូមពរឲ្យក្រុមប្រឹក្សាស្រុក លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំថ្មី ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មេត្តាតាមដានការដឹកនាំរបស់លោក សាយ គឹមឡម អភិបាលស្រុកថ្មីនេះផង ព្រោះមានការព្រួយបារម្ភខ្លាចលោកប្រើអំណាច និងតួនាទីមកយកដីរដ្ឋបន្ថែមទៀតធ្វើឲ្យរាស្ត្ររងទុក្ខវេទនា ឬក៏កៀបសង្កត់រាស្ត្រច្រើនជាងមកបម្រើរាស្ត្រ...។គួររម្លឹកថា៖ ប្រភពពីផ្ទៃក្នុងបានទម្លាយនូវពាក្យបណ្ដឹងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលិខិតស្នើរសុំជួយអន្តរាគមន៍ដាក់ជូន ឯកឧត្តម ងួន ញ៉ិល អនុប្រធានរដ្ឋសភាជាតិ ដោយមានភ្ជាប់ស្នាមមេដៃគាំទ្រមិនឲ្យមានការដកលោក លឹម ប៊ុនហេង ឲ្យបន្តតួនាទីជាប្រធានការិយាល័យភូមិបាលស្រុកស្ទោងបន្តទៀត និងប្រភពបែកធ្លាយក្នុងកិច្ចប្រជុំមេឃុំ-មេភូមិ បានយកញាត្តិរបស់អភិបាលស្រុក ឲ្យមេឃុំ-មេភូមិ ក្រុមប្រឹក្សាឃុំ ផ្តិតមេដៃគាំទ្រឯកភាពដកលោក លឹម ប៊ុនហេង បើមេឃុំ និងមេភូមិណាមិនគាំទ្រ បានសេចក្តីថា ប្រឆាំងនឹងលោកសាយ គឹមឡម ដែលជាអភិបាលស្រុក។សូមបញ្ជាក់ថា យើងមិនទាន់មានប្រភពផ្សេងពាក់ព័ន្ធលោក សាយ គឹមឡម អភិបាលស្រុកស្ទោងថ្មី ដើម្បីបកស្រាយចំពោះការរិះគន់ទាំងនេះនៅឡើងនោះទេ។ អង្គភាពយើងខ្ញុំរង់ចាំបកស្រាយបញ្ជាក់នូវរាល់ប្រតិកម្មនានាពីសំណាក់លោកអភិបាលស្រុកឬអ្នកពាក់ព័ន្ធដទៃទៀតរៀងរាល់ម៉ោងការងារតាមរយៈWathsApp,Telegram,Phone : 071 8484 000/ 012 804 979 / 01662 4566……………………………………………………………….ដោយ.ស្លឹករឹត
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ