មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិដូងម្នាក់ សង្ស័យស្រវឹងស្រា ទាញកាំភ្លើងខ្លីបាញ់បោះដោយសេរី អស់១៤គ្រាប់ ផ្អើលទាំងកណ្តាលយប់
ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីមន្ត្រីនគរបាលអន្តោប្រវេសម្នាក់ សង្ស័យស្រវឹងស្រា បានទាញកាំភ្លើងខ្លីរបស់បាញ់យ៉ាងសាហាវបំផុស អស់ចំនួន១៤គ្រាប់ តែមិនបណ្តាលអោយនរណាម្នាក់រងរបួសនោះទេ គ្រាន់តែរត់ចែកជើងគ្នាប៉ុណ្ណោះ។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចំណុចភូមិអូដាលើ ឃុំបឹរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចអាវុធហត្ថស្រុកកំរៀង បានអោយដឹងថា៖ ជនសង្ស័យដែលបាញ់បោះដោយសេរីឈ្មោះ នៅ លីដា ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិដូង មានឋានៈជាវរសេនីយ៍ត្រី ដោយប្រើប្រាស់អាវុធខ្លី ធុន SIG SAUER ។ប្រភពបន្តថា៖ រហូតដល់ម៉ោង២៣និង០០នាទីយប់ថ្ងៃដដែល កម្លាំងអាវុធហត្ថស្រុក សហការជាមួយ កម្លាំងនគរបាលស្រុក ធ្វើការឃាត់ខ្លួនជនល្មើសបានភ្លាមៗផងដែរ។ ក្នុងពេលប្រតិបត្តការនោះសមត្ថកិច្ចដកហូតសម្ភារ: អាវុធខ្លី ១ដើម ដែលមានគ្រាប់ ក្នុងបង់ចំនួន៣គ្រាប់ និងគ្រាប់ក្នុងប្រអប់ ចំនួន១០៦គ្រាប់ សម្បកគ្រាប់៩គ្រាប់ព្រមទាំងរថយន្តLexus300មួយគ្រឿងផងដែរ៕